|
ក្រុមហ៊ុនភាពយន្តមួយនោះចង់ថតរឿង ថាងចេងចម្លងធម៌ ក៏បិទប្រកាសជូនដំណឹង ឱ្យ យុវជនប្រុស- ស្រីចូលរួមធ្វើតេស្ត ដើម្បីដើរតួតាមលក្ខណសម្បត្តិរៀងៗខ្លួន ។ យុវជនម្នាក់ បន្ទាប់ពីទៅធ្វើតេស្តអស់ មួយព្រឹក ត្រឡប់មកដល់ផ្ទះវិញ មិត្តភក្តិសួរ៖ -ធ្វើតេស្តជាប់ទេ ? -ជាប់ ! -គេឱ្យដើរតួអី ? -តួព្រះគ្រូថាងចេង ! -អស្ចារ្យមែនទែន ។ ឯងមានសំណាងខ្ពស់ណាស់ មិនត្រឹមតែធ្វើតេស្តជាប់ប៉ុណ្ណោះ ទេ ថែមទាំងបាន ដើរតួសំខាន់ជាងគេក្នុងសាច់រឿងទៀត ។ -ប៉ុន្តែគ្នាអត់ចង់ដើរតួព្រះគ្រូថាងចេង ទាល់តែសោះ ។ -ម៉េចអ៊ីចឹង ? -តួនោះគ្នាមិនបានបញ្ចោញចរិតលក្ខណៈកំណើតរបស់ខ្លួន ។ ព្រះគ្រូថាងចេងស្រគត់ស្រគំ មួយថ្ងៃៗ គិតតែ “នមោតស្ស” ហើយថែមទាំងត្រូវពួកព្រាយបិសាចចង់ស៊ីសាច់ទៀត ។ -អ៊ីចឹងឯងចង់ដើរតួស៊ុនអ៊ូខុង ប្រយុទ្ធជាមួយព្រាយបិសាចមែនទេ ? -តួនោះក៏គ្នាមិនចង់ដែរ ។ ស៊ុនអ៊ូខុងហក់លោតគ្រប់ពេល ហើយថែមទាំងត្រូវលោកគ្រូប្រើ ឱ្យធ្វើនេះ ធ្វើនោះមិនស្វាង, ជួនកាលផ្តេសផ្តាសបន្តិចបន្តួចត្រូវលោកគ្រូសូត្រគាថា បង្រួម កងរឹតក្បាលប្រកាច់ ប្រកិនស្រែកផ្តាំម៉ែ ។ តួរបៀបហ្នឹងគ្នាមិនត្រូវការទេ ។ -តួនេះមិនចង់ តួនោះមិនចង់ ចុះតួអីទៅ ដែលឯងយល់ថាត្រូវនឹងលក្ខណៈសម្បត្តិពីកំណើត របស់ឯង ? -តួព្រាយបិសាច ! -ពុទ្ធោ ! ឯងឆ្កួតទេឬ ? ម៉េចស្រឡាញ់តួព្រាយបិសាចទៅវិញ? មានស្អីល្អទៅ ? -ម៉េចថាមិនល្អ ? ព្រាយបិសាចបានស៊ីផឹកស្រវឹងឡូឡា បានកឹបកេង បានឆក់ប្លន់ បានរំលោភកូនប្រពន្ធ គេ បានជិះជាន់អ្នកទន់ខ្សោយ ។ ព្រាយបិសាចបានចូលរួមគ្រប់ការ សប្បាយ បានច្រៀងរាំប្រកាច់ប្រកិន វាល់ៗភ្លឺ ។ ព្រាយបិសាចហ៊ានកឹបកេងទ្រព្យសម្បត្តិរដ្ឋ ហ៊ានរំលោភច្បាប់រដ្ឋ ហ៊ានរំលោភយកដីសាធារ ណៈ ហ៊ានកាប់ព្រៃលក់យកលុយ ដុល្លារ ទាំងបាច់ៗ សង់វីឡា ទិញឡានទំនើប …។ ព្រាយបិសាចហ៊ាន បណ្តោយឱ្យកូនប្រុសស្រី របស់ខ្លួនធ្វើព្រាយបិសាចតូចដើរបង្កបញ្ហាតាមផ្លូវសាធារណៈស្រេចតែចិត្ត ។ ព្រាយបិសាច បើត្រូវមហាជនរិះគន់ឆ្លើយវិញថា អញជាព្រាយបិសាច ទាល់តែព្រះឥន្ទឋានលើ ទើបមាន សិទ្ធិរិះគន់អញ ។ ដូច្នេះឋានកណ្តាលទោះហួសចិត្តយ៉ាងណាក៏បានត្រឹមតែគ្រវីក្បាល ដក ដង្ហើមធំមើល មុខគ្នាប៉ុណ្ណោះ ធ្វើអីវាកើត? ឯងគិតមើល ព្រាយបិសាចឡូយម៉្លឹងៗ ឱ្យគ្នា ដើរតួថាងចេងគិតតែ នមោត ស្ស តើគ្នាសប្បាយចិត្តម៉េចកើតទៅ ? |
ខ្មែររុងរឿង
-:-រឿងកំប្លែងខ្លីៗ-:-April 18, 2008 6:59 am

